ការ​ចាប់​ផ្តើម​របស់​យើង

រឿង​រ៉ាវ​នៃ​ក្រុមបុរស​​មីននេសូតា​៨ ដំបូង​គេ​​បង្អស់

នៅខែសីហា ឆ្នាំ២០១៦ មាន​បុរស​ដើមកំណើត​ខ្មែរអាមេរិកាំងចំនួន៨នាក់មកពីរដ្ឋមីននេសូតា ដែលត្រូវបានគេស្គាល់​និង​ហៅ​ដោយ​រួម​ថា ក្រុមបុរសMN8 ត្រូវបានអង្គភាព​ចាត់ចែង​អន្តោប្រវេសន៍ និង គយ (ឬ​ហៅ​កាត់​ថា​ ICE) ចាប់​ឃុំ​ខ្លួន ដែល​ក្នុង​ចំណោម​នេះ មាន​ប្អូន​ប្រុស​ពៅ​របស់​មន្ថា នាយក​ប្រតិបត្តិ និង សហ​ស្ថាបនិក​របស់​យើង​ផង​ដែរ។

ក្រុមបុរស​ MN8 ត្រូវបាន​គេ​មាន​គម្រោង​​និរទេស​ចេញ​ទៅ​ប្រទេស​​កម្ពុជា បើទោះបី ​ពួកគេ​ភាគ​ច្រើនមិន​បាន​កើត​នៅ​ស្រុក​ខ្មែរ ហើយ​ក៏​​មិន​ចេះ​អាន ឬ ​សរសេរ​ភាសា​ខ្មែរ​ក៏​ដោយ​។

ពួក​គេ​ភាគ​ច្រើន​ បាន​កើត​នៅ​ក្នុង​ជំរុំ​ភៀសខ្លួន​ក្រៅ​ប្រទេស​កម្ពុជា។

ប៉ុន្តែ​ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ជួប​ជាមួយ​នឹង​កុងស៊ុល​កម្ពុជា​ ហើយ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ធ្វើដំណើរ ​ក្នុង​ភាសា​មួយ​ដែល​ពួក​គាត់​មិនអាច​អាន​​យល់។

ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​រួម​មាន​​ស្ត្រី អ្នក​ចាស់​ទុំ និង​កុមារជា​ច្រើន បាន​ប្រមូល​ផ្តុំ​គ្នា​ជុំវិញ​ពួកគេ ហើយ​បានធ្វើ​ការ​តស៊ូ​​វាយ​បក​ទៅ​វិញ ​ដោយ​ការ​រៀបចំ​ចលនា​ក្នុង​សហគមន៍​របស់​ពួកគេ។

នេះជា​ចំណុច​ចាប់ផ្តើមនៃ​យុទ្ធនាការ #ReleaseMN8 ដែលជាចលនាអន្តរជំនាន់ ដែលដឹកនាំដោយសមាជិកគ្រួសារដែលមិនធ្លាប់មាន​បទ​ពិសោធន៍​រៀបចំចលនា​ពីមុនមក។

ពួកគេបានប្រមូលការគាំទ្រពីសមាជិកសហគមន៍ មេធាវី អង្គការផ្សេងៗ និងសមាជិកសភា តាម​រយៈ​ការ​ប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យរបស់លោក​ស្រី អេមី​ ក្លូបាឆា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅមជ្ឈមណ្ឌលសហគមន៍នានាក្នុងតំបន់ និង នៅទីក្រុង​វ៉ាស៊ីងតោន​ឌីស៊ី ដើម្បីជួប​ជជែក​ជាមួយនឹង​ឯកអគ្គរដ្ឋទូតកម្ពុជា។

អ្នក​ចូលរួម​នៅក្នុងព្រឹត្តិការណ៍ទាំងនេះ មានទាំង​ទារក ព្រឹទ្ធាចារ្យខ្មែរដែលតាំង​ពី​ពេល​នោះ​មកមាន​មួយ​ចំនួន​បានទទួលមរណៈភាព​ទៅហើយ​ អ្នកតស៊ូមតិសហគមន៍ អ្នកសារ​ព័ត៌មាន និង មនុស្ស​ម្នា​ជាច្រើននាក់​ទៀត។

ទន្ទឹមនឹងការរៀបចំចលនា និងការតស៊ូ​របស់ពួកគេដូច​រៀបរាប់​ខាងលើ​ ក្រុមគ្រូសារ​របស់​ក្រុមបុរស​MN8 បានបើកឡានជាច្រើនម៉ោងដើម្បីទៅសួរសុខទុក្ខពួកគាត់​តាមរយៈការហៅទូរស័ព្ទ​ជាវីដេអូនៅ​មន្ទីរឃុំឃាំង​ បើ​ទោះជា​និយាយ​គ្នា​បាន​ត្រឹមតែ​​៣០​នាទី​ក្តី។

កិច្ចខិតខំ​ដ៏​មហិមារ​របស់​ក្រុម​បុរស​MN8 ក្រុមគ្រួសារ និង អ្នក​គាំទ្រ​របស់​ពួកគេ​ក្នុង​សហគមន៍​ បាន​បង្ក​​ឲ្យ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ថ្នាក់​ជាតិ។ ទី​បំផុត មាន​បី​នាក់​ក្នុង​ចំណោម​បុរស​ទាំង​៨​នាក់ ត្រូវ​បាន​គេ​ដោះលែង​ឲ្យមក​​ជួបជុំ​គ្រួសារគាត់​​វិញ។

រឿងរ៉ាវ​របស់​យើង បាន​ចាប់​ផ្តើម​ជាមួយ​នឹង​បុគ្គល​ដ៏​អស្ចារ្យ​ទាំង​៨​នាក់​នេះ​ និង ក្រុម​គ្រួសារ​របស់​គេ។

Chamroeun “Shorty” Phan

ផន​ ចំរើន (ហៅក្រៅ​ថា ស្ហតធី) បាន​កើត​នៅ​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ប្រទេសថៃ។

គាត់​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិកជាមួយ​នឹង​ឪពុក​ម្តាយ​ និង បងប្អូន​​របស់​គាត់ ពេល​អាយុ​១​ឆ្នាំ។

គាត់​បានបំរើការ​​ជា​អ្នក​តម្លើង​គ្រឿង​កុំព្យូទ័រ​នៅ​ទីក្រុង​អ៊ីហ្កិនបាន​ជាង​១០​ឆ្នាំ​ហើយ។

សព្វថ្ងៃ គាត់​រស់​នៅ​ក្រុង​មេភិលវូឌ ជាមួ​យ​នឹង​ភរិយា​ឈ្មោះ​ កេតវ៉ាលី និង កូនស្រី​២​នាក់ឈ្មោះ លីឡា និង លីឌា។

នៅ​ក្នុងពេល​ទំនេរ ចំរើនចូលចិត្ត​ស្ទូចត្រីជាមួយ​នឹង​គ្រួសារ​គាត់​ និង ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្មភាព​នានា​នៅ​ក្នុង​ព្រះវិហារសាសនា​គ្រឹស្ទ​​របស់​គាត់។

គាត់​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ថ្ងៃ ២៩ សីហា ២០១៦ និង ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី​១៨​ កញ្ញា​ ២០១៧។

Chan Om

ចាន់ អំ បាន​មក​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ជន​ភៀសខ្លួន កាល​ពី​គាត់​អាយុ​១០​ឆ្នាំ។

គាត់​ត្រូវ​បាន​គេ​គោរពនៅ​កន្លែង​ការងារ​របស់​គាត់​ ក្នុង​នាម​ជាជាង​រថយន្ត​ម្នាក់។ គាត់​ក៏​ជា​អ្នកស្ម័គ្រចិត្ត​ដ៏​សកម្ម​ម្នាក់​នៅ​ឯ​វត្ត​ខ្មែរនៅ​ក្រុង​ហែមថិន រដ្ឋ​មីននេសូតា​ផងដែរ។

ចាន់​បាន​ភ្ជាប់​ពាក្យ​​និង​គ្រោង​រៀប​ការ​ជាមួយ​នឹង​នារី​ម្នាក់ ហើយ​បាន​ក្លាយ​ជា​តួអង្គ​ឪពុក​ដ៏​ល្អ​ម្នាក់​ដល់​កូន​ចុង​ និង ចៅៗ​របស់​គាត់​ផងដែរ​។

គាត់​ត្រូវគេ​ចាប់​ឃុំ​ខ្លួន​នៅ​ថ្ងៃ​ទី​២៦​ សីហា ២០១៦ និង និរទេស​ចេញ​ទៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៨ មិនា ២០១៧។ សព្វថ្ងៃ​នេះ ចាន់​កំពុង​ព្យាយាម​​កសាង​ជីវភាព​ថ្មី​នៅ​ទីក្រុងភ្នំពេញ។

Chan Ouch

អ៊ូច ចាន់ បាន​មក​រស់​នៅ​អាមេរិក​ជាមួយ​នឹង​ឪពុកម្តាយនិង​ប្អូន​ចំនួន​៥នាក់ នៅ​ពេល​ដែល​គាត់​មាន​អាយុ​១២​ឆ្នាំ។

គាត់​មាន​កូនៗដែល​ធំ​ពេញ​កម្លោះក្រមុំ​អស់ហើយ ហើយ​ក៏​បាន​បំពេញ​តួ​អង្គ​ជា​ឪពុក​ដ៏​ល្អ​ម្នាក់ដល់​ក្មួយៗ​គាត់​ផងដែរ។

មុន​ពេល​បញ្ជូន​ចេញ នាពេល​ទំនេរ ចាន់​ចូលចិត្ត​ចំណាយពេល​វេលា​ជាមួយ​ក្រុម​គ្រួសារ​គាត់​នៅ​ក្រុង​សាវ៉ិច​ រដ្ឋ​មីននេសូតា។

គាត់​ត្រូវ​បាន​គេ​ចាប់ឃុំ​ខ្លួន​នៅ​ថ្ងៃទី​២៦​ សីហា ២០១៦ និង និរទេស​ចេញ​ទៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៨ មិនា​ ២០១៧។

សព្វថ្ងៃ គាត់​រស់នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​បើក​ហាង​លក់ទំនិញ​ និង ហាងសាក់​មួយ។

Ched Nin

នីន ចិត្រ កើត​ និង ធំ​នៅ​ក្នុង​ជំរុំជន​ភៀស​ខ្លួន​នៅ​ឯ​ប្រទេស​ថៃនិង​ហ្វីលីពីន មុន​គាត់​មកដល់​សហរដ្ឋ​អាមេរិកពេល​អាយុ​៦​ឆ្នាំ។

គាត់​ធំឡើង​នៅ​ក្រុង​ហ្វារីបូល​ រដ្ឋ​មីននេសូតា​ ដែល​ជាទីកន្លែង​ដែល​គាត់​បាន​ជួប​​ភរិយា​គាត់ឈ្មោះ ចេននី។

ពួកគាត់​ទាំងពីរ មាន​បន្ទុកថែ​រក្សា​កូន និង ឪពុកម្តាយ​ចាស់​ជរា​របស់​គាត់​។

ចិត្រ​មាន​អាជីព​ជាជាង​ឈើ​២០​ឆ្នាំ​ហើយ ហើយ​ក៏ជា​បុគ្គល​សកម្ម​ម្នាក់​នៅ​ក្នុង​តំបន់ និង​ សហគមន៍​ដែល​គាត់​រស់នៅ​ផងដែរ។

គាត់​ត្រូវ​បាន​គេ​ចាប់ឃុំ​ខ្លួន​នៅ​ថ្ងៃទី​២៦ សីហា ២០១៦ និង​ ដោះលែង​វិញ​នៅ​ថ្ងៃទី​២៤ កុម្ភៈ ២០១៧។

Phoeuy Chuon

ឈួន ភឿយ បាន​កើត​នៅ​ក្នុង​ជំរុំ​ភៀសខ្លួន​នៅ​ប្រទេស​ថៃ។

គាត់​មាន​អាយុ​៣ឆ្នាំ​ នៅពេល​គាត់ ម្តាយ និង បងប្អូនរបស់​​គាត់​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក។

មុន​ពេល​ជីវិត​គាត់​ត្រូវ​ក្រឡាប់​ចាក់​ គាត់​មាន​ជីវិត​អាពាហ៍ពិពាហ៍​ប្រកប​ដោយ​សុភមង្គលមួយ​ដែល​មាន​អាយុ​ជាង​១០ឆ្នាំ​ជាមួយអ្នកស្រី​រីអាន ​ភរិយា​គាត់ ព្រមទាំង​កូន​ចុង​ចំនូន​ពីរ​នាក់នៅ​ទីក្រុង​សេនផល រដ្ឋ​មីននេសូតា។

ភឿយ ត្រូវ​បាន​គេ​ឃាត់​ខ្លួន​នៅ​ថ្ងៃទី​២៦​ សីហា ២០១៦ និង​ និរទេស​ចេញ​ទៅ​កម្ពុជា​នា​ថ្ងៃ​ទី​២៨ មិនា ២០១៧។

នា​ពេល​បច្ចុប្បន្ន គាត់​កំពុង​ព្យាយាម​កសាង​ជីវិត​ថ្មី​នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា។

Ron An

អាន រ៉ន បាន​កើត​នៅ​ក្នុង​ជំរុំ​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

គាត់​មា​នអាយុ៣ខែ​ នៅពេល​គ្រួសារ​គាត់​​មក​តាំង​លំនៅ​នៅ​សហរដ្ឋ​អាមេរិក។

រ៉ន​ ធ្លាប់​រស់នៅ​ក្រុង​រ៉ូឈែសស្ទើ រដ្ឋ​មីននេសូតា​ ជាមួយ​នឹង​កូន​ចំនួន​៥​នាក់​ ព្រម​ទាំង​ឪពុកម្តាយ បងប្អូន ក្មួយ និង មិត្តភក្តិជា​ច្រើន​ទៀត។

គាត់​ត្រូវ​បាន​​ ICE ឃុំ​ខ្លួន​ចំនួន​៩​ខែ មុន​ហ្នឹង​ត្រូវ​បាន​គេ​និរទេស​ទៅ​ស្រុកខ្មែរ​នៅ​ថ្ងៃ​ទី​២៨ មិនា​ ២០១៧។

សព្វថ្ងៃ រ៉ន​រស់នៅ​ខេត្ត​កំពត​ ខេត្ត​ឆ្នេរ​សមុទ្រ​កម្ពុជា​ និង មាន​គម្រោង​បើក​កន្លែង​ហាត់ប្រាណ​មួយ។

Sameth Nhean

ញាណ សាម៉េត កើត​នៅ​ក្នុង​ជំរុំ​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ហើយ​បាន​រើ​មក​នៅ​សហរដ្ឋ​អាមេរិក​ ពេល​គាត់​អាយុ​២ឆ្នាំ។

គាត់​និង​ភរិយាគាត់​ឈ្មោះ​សុខា ព្រម​ទាំង​កូន​បួននាក់​ រស់​នៅ​ក្រុង​ឡន​ស្តេល​ រដ្ឋមីននេសូតា។

សាម៉េត​ចូល​ចិត្ត​ស្ទូចត្រីជាមួយ​ក្រុមគ្រួសារ​គាត់ ចូលចិត្ត​ជួសជុល​កែលំអផ្ទះ​ និង ​កែកុន​​ឡាន។

គាត់​បាន​ធ្វើ​ការ​ជា​ប្រធាន​គ្រប់គ្រង​បុគ្គលិក​នៅ​ក្រុមហ៊ុន​ខ្សែកាប​ក្រណាត់​បាន​១៦​ឆ្នាំ​ជាង​ហើយ។

គាត់​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ថ្ងៃទី ២៦ សីហា ២០១៦ ហើយ​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី ៧ សីហា​ ២០១៧។

Soeun “Posy” Chheng

ឆេង សឿន (ហៅក្រៅ ប៉ូស៊ី) បាន​មក​រស់​នៅ​អាមេរិក​ជាមួយ​ឪពុកម្តាយ​ជនភៀសខ្លួន​របស់​គាត់​ តាំង​ពី​គាត់​នៅ​ជា​កុមារម្ល៉េះ។​

គាត់​ត្រូវ​បាន​សហគមន៍​គាត់​គោរព​និង​​ស្រឡាញ់​ ជាពិសេស​នៅក្នុង​ចំណោម​អតិថិជន​ហាង​កាត់សក់​របស់​គាត់​នៅក្រុងវីលមឺរ៍​ រដ្ឋមីននេសូតា។

ប៉ូស៊ីត្រូវ​បាន​គេ​ឃុំ​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ សីហា ២០១៦ និង និរទេស​ចេញ​ទៅ​កម្ពុជា​នៅ​ថ្ងៃទី​២ ឧសភា ២០១៧។

គាត់​បាន​សាង​ជីវិតថ្មី​នៅ​កម្ពុជា ហើយ​បាន​បើក​ហាង​កាត់​សក់​មួយ កាល​ពី​ខែឧសភា ឆ្នាំ២០១៨។

ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះគ្រឹស្ទ​មួយ​រូប ប៉ូស៊ី​មាន​ជំនឿ​ថា​ រាល់ថ្ងៃ​គឺ​ជា​ឱកាស​ថ្មី​ដើម្បី​សាង​ផល​វិជ្ជមាន​ដល់​អ្នក​ដទៃ។